លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអំណានក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ” នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ មីនា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត បានគាំទ្រចំពោះប្រធានបទឆ្នាំនេះដែលបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់អំណានក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណសម្បត្តិ គ្រប់ផ្នែកព្រមទាំងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ ម្យ៉ាងទៀតប្រធានបទនៃទិវាជាតិអំណានឆ្នាំ២០២៣នេះ ពិតជាត្រឹមត្រូវស្របតាមកាលៈទេសៈបច្ចុប្បន្ន នៅចំពេលដែលសង្គមជាតិយើងក៏ដូចជាពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យអប់រំ ការអប់រំ ការរៀនសូត្រនិងការបង្រៀន។ ការអានអក្សរ ការគណនាលេខ ការពិសោធ និងការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងនៅតាមថ្នាក់រៀនពិតជាមិនគ្រប់គ្រាន់ទេ ការអប់រំបានវិវត្តចូលជ្រៅទៅក្នុងបច្ចេកវិទ្យាឌីជីថល ជាក់ស្តែងកាលពីសម័យជំងឺកូវីដ-១៩ បានកើតឡើង ក្រសួងអប់រំ យុវជន និងកីឡា បានប្រែក្លាយវិបត្ដិទៅជាឱកាសក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានធ្វើសមាហរណកម្មវិស័យអប់រំ ដោយមានការបង្រៀន និងរៀនតាមប្រព័ន្ធឌីជីថល តាមអនឡាញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យាក៏ទាមទារឲ្យយើងខិតខំបន្តកែលម្អនិងពង្រឹងគុណភាពអប់រំបន្ថែមទៀតសំដៅឈានទៅសម្រេចឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ជាពិសេសយុវជន និងសិស្សានុសិស្ស សូមបង្កើនការអាននិងជ្រើសរើសសៀវភៅឬអត្ថបទដែលមានប្រយោជន៍សម្រាប់អភិវឌ្ឍចំណេះដឹងផង និងការកម្សាន្តផង ព្រោះតាមទ្រឹស្ដីជាច្រើនបានឲ្យដឹងថា អំណានមានសារៈសំខាន់ជាច្រើនដូចជា ជំរុញបំណិនខាងទំនាក់ទំនង ធ្វើឲ្យខួរក្បាលមានសុខភាពល្អ ផ្តល់ការអប់រំ កាត់បន្ថយភាពតប់ប្រមល់ឬស្ត្រេសនិងកង្វល់ បង្កើនភាពជឿជាក់និងច្នៃប្រឌិត និងបង្កើនលទ្ធភាពក្នុងការសរសេរ។
លោកជំទាវក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានសព្វគ្រប់ ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ របស់អ្នកពាក់ព័ន្ធគ្រប់កម្រិតថ្នាក់ ជាពិសេសលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ អ្នកនិពន្ធ ដែលបានខំប្រឹងប្រែងតាក់តែងនូវខ្លឹមសារបំផុសចលនាអប់រំដើម្បីឲ្យយើងទាំងអស់គ្នាចូលចិត្តអាន។ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំឱ្យមានទិវានេះឡើង ដោយកំណត់យកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃកំណើតរបស់សម្ដេចព្រះសង្ឃរាជជួនណាត ដើម្បីរំឭកដល់វិរៈភាពនិងគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ និងជាអ្នកការពារមរតកវប្បធម៌អក្សរសាស្ត្រខ្មែរឲ្យបានគង់វង្ស។ សូមឱ្យស្មារតី ១១ មីនា នេះឋិតនៅជាអមតៈក្នុងព្រលឹងប្រជាជនកម្ពុជាដើម្បីរួមចំណែកអភិរក្សអក្សរសាស្ដ្រ និងរក្សាមរតកវប្បធម៌ អរិយធម៌ខ្មែរ ឱ្យនៅគង់វង្សយូរអង្វែង និងធ្វើឲ្យវិស័យនេះមានវឌ្ឍនភាពជាបន្តបន្ទាប់។