រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអំណានលើកទី៧ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ននានា មន្រ្តីរាជការ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត គ្រឹះស្ថានសិក្សាទាំង ២៥ រាជធានី ខេត្ត និង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍមកពីស្ថាប័នជាច្រើន សរុបប្រមាណ១០០នាក់។
ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៧ បានប្រព្រឹទ្ធទៅដោយរលូន និងទទួលជោគជ័យ។ យន្តការនៃការរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៧ នេះ គឺប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ និងតាមប្រព័ន្ធអនឡាញ ផងដែរ ដើម្បីធានាបាននូវគោលការណ៍សុវត្ថិភាពនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិសភាចារ្យរដ្ឋមន្ត្រីបានអញ្ជើញផ្ដល់កិត្តិយសធ្វើបាឋកថា ស្តីពី ”ការអភិវឌ្ឍភាសា និងទ្រឹស្តី នៃការអភិវឌ្ឍកុមារ”។ ដោយឡែកប្រធានបទនៃកិច្ចពិភាក្សាគឺ៖ “អំណានដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា”។
ដើម្បីអបអរសាទរទិវាជាតិអំណាន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ សម្តេចតេជោ ដោយមានការចូលរួមពីសិស្សានុសិស្សទូទាំងរាជធានីខេត្ត ដើម្បីបំផុសស្មារតី លើកកម្ពស់ការការអាន និងស្មូតកំណាព្យក្នុងចំណោមសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងលើកកម្ពស់ការអភិរក្សអក្សរសាស្ត្រជាតិ។