រាជធានី​ភ្នំពេញ៖ ដើម្បី​ចូលរួម​អបអរ​សាទរ “ទិវា​ជាតិ​អំណាន ១១ មីនា” ផង និង​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ-១៩ ផង ក្រសួង​អប់រំ យុវជន និង​កីឡា ​នៅ​តែ​បន្ត​រៀប​ចំ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​គោល​បំណង​រំឭក​ដល់​វីរភាព​របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ដែល​បាន​ខិត​ខំ​តស៊ូ ពុះពារ​ការពារ​មរតក​វប្បធម៌​អក្សរសាស្រ្ត​ខ្មែរ និង​ក្នុង​គោល​បំណង​បណ្តុះ​ទម្លាប់​អាន ​ជំរុញ វប្បធម៌​អាន លើក​កម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ សំដៅ​រួម​ចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយធម៌​ខ្មែរ។

ទិវា​ជាតិ​អំណាន​លើក​ទី​៦ ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ “អំណាន​ក្នុង​បរិបទ​កូវីដ-១៩” នៅ​ពេល​នេះ មាន​គោល​បំណង​រំលេច​ឱ្យ​ឃើញ​អំពី​ទស្សនាទាន​ថ្មី​នៃ​អំណាន រួម​ទាំង​ខ្លឹមសារ​សម្រាប់​អំណាន មធ្យោបាយ​អាន និង​ការ​ផ្តល់​នូវ​អន្តរាគមន៍​ចាំ​បាច់​សម្រាប់​គាំទ្រ​ដល់​អំណាន​ក្នុង​បរិបទ​កូវីដ-១៩។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​ប្រព័ន្ធ​អន​ឡាញ Zoom ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ ហើយទស្សនិកជន ក៏អាចទស្សនាការផ្សាយផ្ទាល់​តាមបណ្ដាញហ្វេសប៊ុកក្រសួងអប់រំ។

ឯកឧត្ដមបានលើកទឹកចិត្តគ្រប់មជ្ឈដ្ឋានក្នុងការលើកកម្ពស់អំណានគ្រប់ទីកន្លែងគ្រប់ពេលវេលា។ ឯកឧត្ដមបានមានប្រសាសន៍ថា សមត្ថភាពនៃការអានមិនត្រឹមតែសមត្ថភាព និងវិធីសាស្ត្រក្នុងការបង្រៀន សម្ភារៈឧបទេស ប៉ុណ្ណោះ អាស្រ័យទៅលើការគ្រប់គ្រងសាលារៀនដោយនាយក ការចូលរួមពីសហគមន៍ មាតាបិតា និងការរៀបចំវាយតម្លៃការសិក្សារបស់សិស្ស។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​បាន​យក​អស់​កម្លាំង​កាយចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​អភិវឌ្ឍ​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ម្លប់​សន្តិភាព និងការអភិវឌ្ឍ ជា​ពិសេស​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រសួងបានដាក់ចេញគោលការណ៍២ ក្នុងបរិបទកូវីដ-១៩ គឺការការពារសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតប្រកបដោយសុវត្ថិភាព និងបន្តការបង្រៀនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

ដូច​ឆ្នាំ​កន្លង​មក​ដែរ ក្នុង​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន ក្រសួង​បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រម​ទាំង​រៀប​ចំ​វេទិកា​បកស្រាយ​ស្នាដៃ​អក្សរសិល្ប៍ ដែល​នៅ​ឆ្នាំ​នេះ​បាន​ជ្រើសរើស​យក​ប្រធានបទ “តម្លៃ​អក្សរ​សិល្ប៍​នៃរឿងរាមកេរ្តិ៍ក្នុង​សង្គមខ្មែរ”។

ក្រៅ​ពី​នេះក្រសួង និង​ដៃគូ​ពាក់ព័ន្ធ​ក៏​បាន​រៀបចំ​ឱ្យ​មាន​កម្មវិធី​មួយ​ចំនួន​ដូចជា៖ “សប្តាហ៍សៀវភៅ” តាម​អន​ឡាញ វេទិកា​ពិភាក្សា​អនឡាញ វីដេអូឃ្លីប មួយចំនួន ដែលបង្ហាញអំពី ទម្លាប់ និងសារៈសំខាន់នៃការអានរបស់សិស្សឆ្នើម ការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស​ជាដើម៕

អត្ថបទជាប់ទាក់ទង