លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញជាអធិបតីក្នុងទិវាជាតិអំណានឆ្នាំ ២០១៩​ ក្រោមប្រធានបទ “ការអានបណ្តុះវប្បធម៌សិក្សាពេញមួយជីវិត”
នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃច័ន្ទ​ ៦កេីត​ ខែផល្គុន​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១១​ ខែមីនា​ ឆ្នាំ២០១៩

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ បានបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលនឹងអនុម័ត គោលនយោបាយស្តីពីការសិក្សាពេញមួយជីវិតដែលមានចក្ខុវិស័យជម្រុញប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណតម្លៃ ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គលនិងសង្គម។

លោកជំទាវបានបន្តថា ទស្សនទាន នៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស​ ។ ជាមួយគ្នានេះ លោកជំទាវ​ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡាដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះបានជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធម។

លើសពីនេះទៅទៀត លោកជំទាវបានផ្តាំថា ដើម្បីបង្កើនការអាន ចាំបាច់ត្រូវតែមានអត្ថបទ សៀវភៅ និងមធ្យោបាយផ្សេងៗទៀតដែលទាក់ទាញ និងមានខ្លឹមសារ។ ដូច្នេះ ការលើកទឹកចិត្តអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយ ក៏ជាផ្នែកមួយ នៃការជម្រុញការអានដែរ។
ឆ្លៀតឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួម សហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ១១ មីនា ប្រចាំឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ ចំពោះការអាន បង្កើតទម្លាប់អាន និង បង្កើនការតែងនិពន្ធ​ ដើម្បីបន្តចូលរួមលើកកម្ពស់ការអាននៅកម្ពុជាឱ្យកាន់តែផុលផុស ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមឲ្យមានការចូលរួមដូចខាងក្រោម ៖

ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីជំរុញការអានសម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាព។

ទី២- ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីពាក់ព័ន្ធអំណាន និងស្វែងរកប្រភពសម្រាប់អំណាន ឱ្យ កាន់ តែសម្បូរបែបនិងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកអាន។

ទី៣- រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់អំណាន។

អត្ថបទជាប់ទាក់ទង