អបអរសាទរ ទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា ​បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» ដោយ​មានការ​ចូលរួមពីសំណាក់​ ​ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ននានា មន្រ្តីរាជការ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត គ្រឹះស្ថានសិក្សាទាំង ២៥ រាជធានី ខេត្ត និង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍ​មកពីស្ថាប័នជាច្រើន សរុបប្រមាណ២០០០នាក់។

ដើម្បីលើកកម្ពស់ អំណាន ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសអំណានកាន់តែច្រើនថែមទៀតដល់សិស្សានុសិស្ស និស្សិត និងយុវជន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ មួយចំនួន ដូចខាងក្រោម៖

១-អ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅ ឬឯកសារអប់រំ សូមបន្ត និងបង្កើនការបោះពុម្ភ ស្នាដៃបន្ថែមទៀត ដើម្បីធ្វើឱ្យធនធានសម្រាប់អំណាន កាន់តែសម្បូរបែប ជាពិសេស ធនធានអំណានជាភាសាខ្មែរ

២-ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដើម្បីឱ្យមន្ត្រីរាជការ និងបុគ្គលិកគ្រប់រូបចូលរួមអាន និងសិក្សាស្រាវជ្រាវ តាមគ្រប់លទ្ធភាព ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល

៣-ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តពង្រីកកម្មវិធីអប់រំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្ស និងយុវជនអាចមានលទ្ធភាពបន្តការសិក្សាទៅកម្រិតសិក្សាបន្តទៀត ដូចជា កម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះ អក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ។ល។ ព្រមទាំងបន្តខិតខំបង្កើតមាតិកាអប់រំ សម្រាប់អំណានតាមបែបឌីជីថលបន្ថែមទៀត

៤-គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ ត្រូវខិតខំឱ្យអស់ លទ្ធភាពក្នុង ការបង្កើតបណ្ណាល័យ ឬជ្រុងអំណានដើម្បីឱ្យសិស្សានុសិស្ស និស្សិត សាមណសិស្ស សាមណនិស្សិត អាចទទួលបាន និងស្វែងរកប្រភពសម្រាប់អំណានកាន់តែសម្បូរបែប និងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកអាន

៥-សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងយុវជនទាំងអស់ត្រូវខិតខំ និងចំណាយពេលអាន

៦-បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល សូមជួយជំរុញ និងបង្កលក្ខណៈកាន់តែច្រើនថែមទៀត ជាពិសេសការលៃលក ចំណាយនៅក្នុងគ្រួសារ សម្រាប់ការទិញសម្ភារៈសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដទៃ ដល់កូនៗជាទីស្រឡាញ់ ដែលចាត់ទុកជាការវិនិយោគ មួយដ៏សំខាន់សម្រាប់បង្កើនចំណេះដឹង និងដើម្បីអនាគតដ៏ត្រចះត្រចង់។

១១ មីនា ២០២៤ | រាជធានីភ្នំពេញ

អត្ថបទជាប់ទាក់ទង

  • កម្មវិធីប្រកាសលទ្ធផលការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» អបអរសាទរ ទិវាជាតិអំណាន លើកទី៩

  • កម្មវិធីបើកការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន»

  • មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប រៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ អបអរសាទរ ទិវាជាតិអំណានលើកទី៩

  • មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល រៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ អបអរសាទរ ទិវាជាតិអំណានលើកទី៩