រាជធានីភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ “ទិវាជាតិអំណាន ១១ មីនា” ផង និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផង ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តរៀបចំការប្រារព្ធទិវាជាតិអំណាន តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងរំឭកដល់វីរភាពរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរ និងក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញ វប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។
ទិវាជាតិអំណានលើកទី៦ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-១៩” នៅពេលនេះ មានគោលបំណងរំលេចឱ្យឃើញអំពីទស្សនាទានថ្មីនៃអំណាន រួមទាំងខ្លឹមសារសម្រាប់អំណាន មធ្យោបាយអាន និងការផ្តល់នូវអន្តរាគមន៍ចាំបាច់សម្រាប់គាំទ្រដល់អំណានក្នុងបរិបទកូវីដ-១៩។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ Zoom ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ ហើយទស្សនិកជន ក៏អាចទស្សនាការផ្សាយផ្ទាល់តាមបណ្ដាញហ្វេសប៊ុកក្រសួងអប់រំ។
ឯកឧត្ដមបានលើកទឹកចិត្តគ្រប់មជ្ឈដ្ឋានក្នុងការលើកកម្ពស់អំណានគ្រប់ទីកន្លែងគ្រប់ពេលវេលា។ ឯកឧត្ដមបានមានប្រសាសន៍ថា សមត្ថភាពនៃការអានមិនត្រឹមតែសមត្ថភាព និងវិធីសាស្ត្រក្នុងការបង្រៀន សម្ភារៈឧបទេស ប៉ុណ្ណោះ អាស្រ័យទៅលើការគ្រប់គ្រងសាលារៀនដោយនាយក ការចូលរួមពីសហគមន៍ មាតាបិតា និងការរៀបចំវាយតម្លៃការសិក្សារបស់សិស្ស។
ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ក្រសួងបានដាក់ចេញគោលការណ៍២ ក្នុងបរិបទកូវីដ-១៩ គឺការការពារសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតប្រកបដោយសុវត្ថិភាព និងបន្តការបង្រៀនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ដូចឆ្នាំកន្លងមកដែរ ក្នុងការប្រារព្ធទិវាជាតិអំណាន ក្រសួងបានរៀបចំការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំវេទិកាបកស្រាយស្នាដៃអក្សរសិល្ប៍ ដែលនៅឆ្នាំនេះបានជ្រើសរើសយកប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ”។
ក្រៅពីនេះក្រសួង និងដៃគូពាក់ព័ន្ធក៏បានរៀបចំឱ្យមានកម្មវិធីមួយចំនួនដូចជា៖ “សប្តាហ៍សៀវភៅ” តាមអនឡាញ វេទិកាពិភាក្សាអនឡាញ វីដេអូឃ្លីប មួយចំនួន ដែលបង្ហាញអំពី ទម្លាប់ និងសារៈសំខាន់នៃការអានរបស់សិស្សឆ្នើម ការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសជាដើម៕