រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន បានរៀបចំប្រារព្ធទិវាជាតិអំណានលើកទី១ ១១ មីនា ២០១៦ ក្រោមប្រធានបទ «បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី អាន ឡឺំំម៉ែស្រ្ត ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពី ទិវាជាតិអំណាន ដោយកំណត់យកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំប្រារព្ធទិវានេះក្នុងគោលបំណង បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ ពង្រឹងវប្បធម៌ និងអរិយធម៌ខ្មែរ។ ការកំណត់យកថ្ងៃទី១១ ខែមីនា នេះ គឺជាថ្ងៃកំណើតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំឭកដល់វិរៈភាពនិងគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ និងជាអ្នកការពារមរតកវប្បធម៌អក្សរសាស្ត្រខ្មែរឱ្យបានគង់វង្ស។